ឯកឧត្តម បណ្ឌិត អុិត សំហេង អញ្ជើញសំណេះសំណាល និងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ជូនពលករកម្ពុជានៅថៃ

០៨/១០/២០១៨

កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ រួមជាមួយនិង មន្រ្តីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងអាជ្ញាធរដែនដីរបស់ប្រទេសថៃ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជូនដល់ បងប្អូនពលករ ពាណិជ្ជករ និស្សិតកម្ពុជា ប្រមាណជាង៧ពាន់នាក់ ដែលប្រព្រឹត្តទៅ នៅវត្តស៊ីសុដារាម សង្កាត់បាឃុននន្ទ ខណ្ឌបាងកក ប្រទេសថៃ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ ដែល​ជានិច្ច​កាល​បានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនពលករ ពាណិជ្ជករ និងនិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ជាដារាបរៀងមក។

ឯកឧត្តមបណ្ឌិត អុិត​ សំហេង បានមានប្រសាសន៍ ថ្លែងអំណរអរព្រះគុណ និងអរគុណ គណៈកម្មការវត្ត សមាគមខេមរៈនិស្សិត​ សមាគមមិត្តភាពកម្ពុជា​ ថៃ អាជ្ញាធរថៃ ដែលបានបង្កលក្ខណៈជូនបងប្អូនខ្មែរ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រពៃណី ហើយដែលពិធីបុណ្យនេះ ជាបុណ្យប្រពៃណីខ្មែរដែល តែងតែជួបជុំគ្រួសារ ធ្វើពិធីដាក់បិណ្ឌ ឧទ្ទិសកុសលជូនដល់ បុព្វការីជនដែលបានចែកឋាន ទៅកាន់សុគតិភព។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ បញ្ជាក់ដល់បងប្អូន ជាពលករ ពាណិជ្ជករ និងនិសិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ដោយរាជរដ្ឋាភិបាល បានសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ ទៅធ្វើបុណ្យ បានឈប់បីថ្ងៃ បើកប្រាក់ខែមុនពិធីបុណ្យ និងផ្ដល់ឡានក្រុង រថភ្លើង ជិះមិនបង់ប្រាក់ ក្នុងឱកាសទៅលេងស្រុកកំណើតផង។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ បញ្ជាក់ជូនដល់ ពលករ ពាណិជ្ជករ និងនិស្សិតថាបន្តថា បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពភាព តាមរយៈ ការបោះឆ្នោត ថ្ងៃ ២៩កក្កដា កន្លងទៅ ដោយគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យ ១០០% ប្រជាជនជាង៨៣%​ បានទៅបោះឆ្នោត។ ថ្ងៃទី៦កញ្ញា រាជរដ្ឋាភិបាល អាណត្តិថ្មីទី៦ បានបង្កើតឡើង ដោយជោគជ័យ ដោយសម្ដេចតេជោ ហ៊ុនសែន បានបន្តជានាយករដ្ឋមន្ត្រី អណត្តិទី៦ បន្តទៀត ហើយសម្តេចបានដាក់ចេញ កម្មវិធីនយោបាយនានាជាច្រើនដើម្បី ការពារ កសាងប្រទេស និងលើកកំពស់ ជីវភាពរបស់ប្រជាជន។

រាជរដ្ឋាភិបាលបានបន្តអនុវត្ត គោលនយោបាយ ផ្ដល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋរកការងារដែលពេញចិត្តនៅក្រៅប្រទេស ជាពិសេសបងប្អូនពលករខ្មែរនៅថៃ ដែលបាន រកបានការងារស្របច្បាប់ តស៊ូរកចំណូលផ្ដល់ជូនគ្រួសារ ជាពលរដ្ឋខ្មែរដ៏ឆ្នើមដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ តាមរយៈការងារបងប្អូនបានផ្ញើប្រាក់ គ្រួសារវិញសរុប ប្រមាណជា២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះក៏បានរួមចំនែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តម បានបញ្ជាក់បន្តថា ដើម្បីការពារ រក្សាការងារ និងប្រាក់ចំណូលរបស់បងប្អូន កម្ពុជាយើង នឹង បន្តកិច្ចសហប្រតិបត្តិការ លើវិសយ័ការងារ និងពលកម្មរវាងប្រទេសទាំងពីរ គឺ ៤ឆ្នាំកន្លងទៅ កម្ពុជា-ថៃ បានសម្រេចជោគជ័យ ក្នុងការដោះស្រាយបញ្ហាពលករពិសេស ការផ្ដល់ភាពស្របច្បាប់ជូនបងប្អូន ជាងកន្លះលាននាក់ មកទល់ពេលនេះ បងប្អូន នៅថៃមាន ១លាន ៨ម៉ឺននាក់ សុទ្ធតែស្របច្បាប់ទាំងអស់ ។

រជរដ្ឋាភិបាលកម្ពុជា​ បានចាត់តាំងទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មន្រ្តីនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនហាយសឹលូសិន ហូលឌីង ខូអិលធីឌី ជាមន្រ្តីបង្គោល​ ដើម្បីចាំសម្របសម្រួល​ និងជួយដល់ពលករក្នុងពេលមានបញ្ហា​ និងតម្រូវការចាំបាច់នានា។ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម បងប្អូនពលករយើងនឹងទទួលបានអត្ថប្រយោជន៍ចំនួន៧រួមមាន៖ ព្យាបាលជំងឺ មាតុភាព ពិការភាព បាត់បង់ជីវិត សោធននិវត្ត ភាពអត់ការងារធ្វើ និងការថែទាំកុមារ​ តែពលករត្រូវបង់វិភាគទាន ៥% នៃប្រាក់ខែ ដើម្បីជូនដល់រដ្ឋាភិបាលថៃ​ ហើយរបបនេះបងប្អូននឹងទទួលបានជារៀងរហូតទោះបីចប់ការងារនៅថៃ​ វិលត្រឡប់ទៅកម្ពុជាវិញក៏ដោយ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ​ ក៏បានអំពាវនាវដល់បងប្អូនរស់នៅ​ និងធ្វើការដោយគោរពច្បាប់ រក្សាសាមគ្គីភាព រវាងខ្មែរ និងខ្មែរ រវាងខ្មែរ និងថៃ រស់នៅក្នុងភាពសប្បាយរីករាយក្នុងសហគមន៍ និងតាមកន្លែងធ្វើការ គិតគូរពីបញ្ហា សុខភាព ជាចម្បង និងឆ្លៀតពេលទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់ម្រាកផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី​ បានជូនពរដល់បងប្អូនពលករខ្មែរទាំងអស់នៅគ្រប់ទិសទី​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាត់ខ្មែរ​ សូមទទួលបាននូវពុទ្ធពរ​ និងពរជ័យទាំង៥​ ប្រការគឺ​ អាយុ​ វណ្ណះ​ សុខះ​ ពលះ​ និងបដិភាណះ​ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ អ៉ិត សំហេង