ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ ព្រមានចំពោះម្ចាស់យានយន្តដែលមិនបានបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់

០៨/១០/២០១៨

ភ្នំពេញ៖ ស្របពេលនេះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ជិតដល់ថ្ងៃកំណត់ ឯកឧត្តម គង់ វិបុល អគ្គនាយដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្តីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងនេះបានអះអាងថា អនុលោមតាមប្រកាសលេខ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ការប្រមូលពន្ធនេះនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

ឯកឧត្តម គង់ វិបុល ក៏ព្រមានចំពោះម្ចាស់យានយន្តដែលមិនបានបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ នឹង​ត្រូវទទួល​រង​នូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ តែទោះជាយ៉ាងណា អគ្គនាយកពន្ធដារ ដែលមានឯកឧត្តម គង់ វិបុល ជាអគ្គនាយក បានប្រាប់ថាមានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ។

ជាមួយគ្នានោះដែរ អគ្គនាយកពន្ធដារមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្ត​ទុកដាក់​គោរព​កាតព្វកិច្ចសារ​ពើពន្ធស្របតាមការកំណត់របស់ច្បាប់៕