ធ្វើការម៉ាស្សាដូចគ្នាសោះ! គ្រាន់តែយកទឹកបាញ់សក់ មកបាញ់មុខសោះ ចាកគ្នាបីកូនកន្ត្រៃ ចូលពេទ្យដេរជាច្រើនថ្នេរ

០៦/១០/២០១៨

ភ្នំពេញ៖ ករណីហឹង្សាដោយចេតនារវាងនារីអ្នកម៉ាស្យាទាំងពីរអ្នកនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារ MH ទីតាំងដីឡូត៍លេខ៦១-៦៣ ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ក្នុងករណីប្រើអំពើហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោសដោយបានយកកូនកន្ត្រៃសម្រាប់ច្រឹបអំបោះ ចាក់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងរបួសនៅដើមដៃខាងឆ្វេង, គន្លាក់ដៃខាងឆ្វេង និងរងរបួសធ្ងន់លើចង្កេះខាងឆ្វេង ។

មន្រ្តីដដែលបន្តទៀតថា មូលហេតុបណ្តាលមកពីទាស់សម្ដីគ្នានេះ គឺមកពីជនរងគ្រោះបានយកដបទឹកបាញ់សក់ បាញ់ទឹកដាក់ជនសង្ស័យ បណ្តាលឲ្យប្រឡាក់ផ្ទៃមុខ ដែលទើបតែតុបតែងរួច ក៏កើតជារឿងឈ្លោះប្រកែកគ្នា,ប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បានយកកូនកន្ត្រៃ ចាក់ទៅលើជនរងគ្រោះត្រូវ ចំនួន៣កន្លែង បណ្តាលឲ្យរងរបួសធ្ងន់។

សូមបញ្ជាក់ថា នារីសង្ស័យមានឈ្មោះ ទុំ សោភ័ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារMH ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងនារីរងគ្រោះ ឈ្មោះ ម៉ម ស្រីមាស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជា បុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារMH ដូចគ្នា ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ប្រភព៖  Heng Heng LY