​ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​

 

​ភ្នំពេញ៖ មនុស្ស​ចំនួន​០៨​នាក់ (​ស្រី​ម្នាក់​) ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​។ រីឯ​មេក្លោង និង​បក្ខពួក​មួយចំនួនទៀត​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អាវុធ​ដែល​ដកហូត គឺ​អាកា​ស្វាយ​បត់​ចំនួន​២៨​ដើម ត្រូវបាន​ដកហូត ដោយ​ជនសង្ស័យ​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម (​អាកា​ស្វាយ​បត់​)​។ នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្តកំពត រកឃើញ​កាំភ្លើង​ចំនួន​ពីរ​ដើម (​អាកា​មួយ​ដើម និង​អឹម​សី​មួយ​ដើម​) និង​នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិសាត់ រកឃើញ​កាំភ្លើង​ចំនួន​មួយ​ដើម (​សេ​កា​សេ​)​។ ក្រៅពី​កាំភ្លើង​មាន បង់​ចំនួន​ពីរ គ្រាប់​អាកា​ចំនួន​១៧​គ្រាប់ និង M16 ចំនួន​២០​គ្រាប់​។​

តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឃឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​នាយសេនាធិការ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០១ ខែតុលា នេះ​ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨ នាក់ និង​ដកហូត​កាំភ្លើង​២៨​ដើម ពិតប្រាកដ​មែន​។ ហើយ​មានការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។ ដោយ​លោក​បញ្ជាក់ថា ចំពោះ​រឿងនេះ គឺមាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ច្រើនណាស់​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា មនុស្ស​ទាំង​០៨​នាក់ បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។

​រីឯ​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០១ ខែតុលា នេះ​ថា អយ្យការ​បានសម្រេច​ចោទប្រកាន់​មនុស្ស​ទាំង​៨​នាក់ ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាតិ និង​ពីបទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ហើយ​សំណុំ​រឿងនេះ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ ហ្វេកប៊ុក