ថ្មីចែស! យកដុំថ្ម គប់អ្នកជិះម៉ូតូឌុប ធ្លាក់ពីលើម៉ូតូបែកក្បាល រួចប្លន់យកលុយ

២៦/០៩/២០១៨

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានធ្វើសកម្មភាពយកដុំថ្មគប់ប្លន់ ប្រជាពលរដ្ឋ ដែលជិះម៉ូតតាមផ្លូវ កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០១៨នៅចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ អ៊ុយ សុវណ្ណ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ តាផ្លូវលំ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឯជនរងគ្រោះមានឈ្មោះ រិទ្ឋ ធី ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មករ ស្នាក់ភូមិកុលាបពិស ឃុំព្រះរំកិល ស្តុកឋាឡាបរិវាត់ ខេត្តស្ទឹងត្រែង។
បើតាមលោក អ៊ុ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឲ្យដឹងថា ក្រោយសួរនាំ ជនសង្ស័យ អ៊ុយ សុវណ្ណ បានទទួលស្គាល់ចំពោះសកម្មភាពខ្លួន ថាជាអ្នកយកដុំថ្ម គប់ជនរងគ្រោះ ហើយបក្ខពួក២នាក់ទៀត ជាអ្នកចូលប្រមូលលុយពេលជនរងគ្រោះធ្លាក់ពីលើម៉ូតូឌុប ។ លុយដែលប្លន់បាននោះ បានចែកគ្នាទិញថ្នាំញៀន និងលេងល្បែងចាញ់អស់។

ដោយឡែក នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចុះពីរថយន្តឈ្នួល ហើយបានជិះម៉ូតូឌុបពីម្ដុំពេទ្យលោកសង្ឃ នៅវេលាម៉ោង១២និង០០នាទីកណ្ដាលអាធ្រាត្រ ទៅលេងផ្ទះបងប្អូននៅផ្សារតាខ្មៅថ្មី លុះជិះមកដល់ផ្លូវ៦០ម៉ែត្រស្ងាត់ ជនសង្ស័យយកដុំថ្មគប់ ធ្លាក់ពីលើម៉ូតូ រួចបានយកកាបូបលុយ និងកាតាបស្ពាយ ដែលក្នុងនោះ មានលុយចំនួន២លានរៀល និងទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន២គ្រឿង និងទូរស័ព្ទចាស់២គ្រឿង៕