ចោរគាស់ជញ្ជាំងចូលទៅគាស់ទូរដែករោងចក្រស្បែកជើង យីហោ​ (ផាណាវ៉េ)យកលុយអស់ជិត ៤មឺុនដុល្លារ

២៤/០៩/២០១៨

ភ្នំពេញ៖​ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦:៣០ នាទីព្រឹក​ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុច រោងចក្រស្បែកជើង យីហោ​ ផាណាវ៉េ ផ្លូវបេតុង ក្រុម១ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ លី ភីង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន អ្នកគ្រប់គ្រង​ រោងចក្រស្បែកជើង យីហោ ​ផាណាវ៉េ ស្នាក់នៅក្នុងរោងចក្រ ផាណាវ៉េ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាន់លិខិតឆ្លងដែនលេខ EA-9498541 ។ បាត់បង់លុយដុល្លារចំនួន ៣២.០០០$ (បីម៉ឺនដុល្លាអាមេរិក) លុយខ្មែរ ១០,០០០,០០០ (ដប់លាន)រៀល ។

ក្រោយពីភ្ញាក់ផ្អើលសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ រកឃើញ ស្នាមគាស់ព្រិលជញ្ជាំង១ប្រឡោះ បន្សល់ទុកអង្រឹង១ ខ្សែនីឡុង១ខ្សែ, ស្បែកជើងផ្ទាត់ចំនួន៣គូ, កាបូបស្ពាយ១ ពណ៌ក្រហម, ស្នាមរើកកាយចំនួន៦បន្ទប់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕