កម្មករខួងអណ្តូងម្នាក់បានស្លាប់ភ្លាមៗ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

១៤/០៩/២០១៨
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០២ និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានព្រែកក្ដាម(មិត្តភាពកម្ពុជា ចិន) ត្រើយខាងលិច ស្ថិតក្នុុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ផឹង គៀប ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជាកម្មករខួងអណ្តូង។ ចំណែករថយន្តម៉ាកHYUNDAI សណ្ដោងម៉ាសុីនខួងអណ្ដូង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3474 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា សាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច(កំពង់ចាម-ភ្នំពេញ) ដោយបន្ថែមល្បឿនបើកឡើងស្ពាន និងចុះស្ពានវិញមិនបន្ថយល្បឿន ខណៈមកដល់ចំណុចផ្លូវកោង ជាកន្លែងកើតហេតុ ក៏រេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់កម្មករកំពុងជិះនៅលើរថយន្តបោកក្បាលនិងឃឿនស្ពាន ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុក បានចុះមកវាស់វែង និងពិនិត្យកន្លែងកើតហេតុ រួចក៏សាងសំណុំរឿងដកហូតយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

One thought on “កម្មករខួងអណ្តូងម្នាក់បានស្លាប់ភ្លាមៗ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

Leave a Reply

Your email address will not be published.