ប.ស.ស និងអង្គការអន្តរជាតិ ILO បានសហការគ្នាក្នុងការរិះរកដំណោះស្រាយទាក់ទងនឹងបញ្ហាប្រឈមរបស់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ

១១/០៩/២០១៨
រាជធានីភ្នំពេញ ៖ នៅថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម បានចូលរួមជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីជម្រើសជាក់ស្តែងទាក់ទងទៅនិងការពង្រីកវិសាលភាពគាំពារសង្គម ដល់កម្មករនិយោជិតលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅសណ្ធាគារហ៊ីម៉ាវ៉ារី ដែលមានការចូលរួមមកពីតំណាង ប.ស.ស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងផែនការ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងនាយកដ្ឋានពេទ្យការងារ តំណាងសមាគមអ្នកសាងសង់កម្ពុជា CCA តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម CAMFEBA និង GMAC កម្មវិធីប្រព័ន្ធគាំពារសង្គម នៃសហគមន៍អឺរ៉ុប EU-SPS និងតំណាងសហជីព ចូលរួមផងដែរសរុបប្រមាណ ៥០ នាក់។

ថ្លែងទៅកាន់អង្គពិធីឯកឧត្តមប្រតិភូបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការសង្គម និងសេចក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តទី៦ នៃរដ្ឋសភា ផ្តោតសំខាន់ទៅលើគោលនយោបាយជាតិគាំពារសង្គម ដែលក្នុងនោះបានផ្ដោតសំខាន់ដល់គ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ។

របបសន្តិសុខសង្គមបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងការចូលរួមលើកកម្ពស់ផលិតភាពពលកម្មនៅកម្ពុជា ។
ការផ្តល់នូវរបបខាងលើនេះ កម្លំាងពលកម្មដ៏សកម្ម បច្ចុប្បន្នកំពុងមានភាពកក់ក្តៅ ព្រោះថាអាចធានាបាននូវសន្តិសុខប្រាក់ចំណូលដល់ពួកគាត់ នៅពេលមានហានិភ័យការងារ គ្រោះថ្នាក់ការងារ ឬជំងឺកើតឡើងជាយថាហេតុ។

ឯកឧត្តមប្រតិភូបានបញ្ជាក់បន្ថែមថា ៖ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណូលនៃថវិកាជាតិ។

ជាមួយគ្នានេះ បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកម្លាំងពលកម្ម ដែលជាការងារជាប្រភេទម៉ៅការ មានការផ្លាស់ប្តូរកន្លែងការងារជាច្រើនកន្លែងក្នុងពេលតែមួយ ដោយមិនមានឯកសារច្បាស់លាស់ពិបាកក្នុងការគ្រប់គ្រង កម្មករភាគច្រើនមិនមានជំនាញច្បាស់លាស់គឺប្រើប្រាស់កំលាំង និងទទួលបានប្រាក់ឈ្នួលទាប ហើយត្រូវការចំណាយច្រើននៅក្នុងបន្ទុកគ្រួសារ ។

ពេលខ្លះបំពេញការងារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬពេលខ្លះទៀតអ្នកធ្វើការរកចំណូលគ្រោះថ្នាក់រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឲ្យបាត់បង់នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុកធ្ងន់ក្នុងគ្រួសារឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។

ហេតុដូចនេះហើយបានជា ប.ស.ស និងអង្គការILO បានសហការគ្នាចុះជួបប្រជុំផ្ទាល់ជាមួយជំនាញ និងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា (CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ចុះតាមការដ្ឋានសំណង់ (ក្រុមហ៊ុនOCIC គម្រោង The Olympia City) ដើម្បីប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយភាគីពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ (នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) អគ្គនាយកដ្ឋានពន្ធដារ នាយកដ្ឋានពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា(CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ក្រុមហ៊ុនពាក់ព័ន្ធវិស័យ សំណង់ សហជីព និងបណ្តាដៃគូអភិវឌ្ឍ ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ការសិក្សាស្រាវជ្រាវដំបូងមុននឹងឈានដល់ការពង្រីកវិសាលភាពគាំពារសង្គម ដល់កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

ជាទីបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលខិតខំរួមចំណែកកសាងសមិទ្ធិផលយ៉ាងច្រើនសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម។ ដើម្បីឲ្យការងារនេះអាចបន្តសម្រេចបានតាមការគ្រោងទុក ខ្ញុំសូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគ្នា ចូលរួមចំណែកពង្រឹង និងពង្រីករបបសន្តិសុខសង្គមស្របតាមផែនការដែលបានគ្រោងទុក៕

ប្រភព៖ បសស  

Leave a Reply

Your email address will not be published.