បង្ក្រាបបាន​ចោរប្លន់​អ្នករត់តាក់សុី  ប្លន់អ្នកដំណើរដែលជាជនជាតិជប៉ុនបានសម្រេច

០៧/០៩/២០១៨

ភ្នំពេញ៖ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាន ធ្វើការ​ស្រាវជ្រាវ និង​​ចាប់បានចោរប្លន់​ម្នាក់ មាន​ឈ្មោះ ប៊ុន ម៉ៅ
ដែលបើករថយន្ត​តាក់សុីបាឡែនដឹកភ្ញៀវជនជាតិ​ជប៉ុន​ម្នាក់ រួចវាយ​ប្លន់ យកលុយ​ជាង១ម៉ឺន​ដុល្លារ​អាមេរិក ។

ក្នុងការចាប់ខ្លួននេះកម្លាំង​នគរបាល ​ដកហូត​វត្ថុតាង បាន​រថយន្ត​មួយគ្រឿង​ម៉ាក កា​ម៉ា​រី​បា​ឡែ​ន ពណ៌​មាស សេរី២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1I-7731 ទូរស័ព្ទដៃ​ចំនួន២គ្រឿង និង​ប្រាក់​ចំនួន ៩៨០០ដុល្លារ​អាមេរិក។

កាលពីវេលា​ម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ​បាន​ជិះ រថយន្ត​មួយគ្រឿង​ខាងលើ ទៅធ្វើ​សកម្មភាព​វាយ​ប្លន់ ជនរងគ្រោះ​ឈ្មោះ សា​កូ​ស៊ី កាដូ​យ៉ា ភេទ​ប្រុស អាយុ៤៣ឆ្នាំ ជនជាតិ​ជប៉ុន នៅ​ចំណុច​ផ្ទះ​លេខ២៣ ផ្លូវ​លេខ១១៣ កែង៤០៤ សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

តាមចំលើយជនរងគ្រោះ បាន​ឲ្យ​ដឹងថា៖នៅវេលា​ម៉ោង៦៖០០ល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ខ្លួន​បាន​ជិះ​ម៉ូតូ​កង់​បី ជាមួយ​មិត្តភក្តិ​ទៅ​ស៊ីផឹក​នៅ​ហាង មី​យ៉ា​មិ នៅ​ផ្លូវ​លេខ៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រហូតដល់​ម៉ោង២៖០០នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួន​បាន​ហៅ​តាក់ស៊ី Passapp អោយមកយកខ្លួន មួយសន្ទុះ​ក្រោយមក ឃើញ​ជនសង្ស័យ ជិះ​រថយន្ត​ម៉ាក​កា​ម៉ា​រី ដែល​ប្រើ​ប្រព្រឹត្ត​បទល្មើស​មក​ទទួល​ខ្លួន ហើយ​ជិះ​សំដៅទៅ​កន្លែង​ស្នាក់នៅ ដែលមាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ២៣ ផ្លូវ​លេខ១១៣ កែង៤០៤ សង្កាត់​បឹង​កេងកង​ទី។ ពេលទៅដល់​ផ្ទះ ខ្លួន​បាន​ឲ្យ​ប្រាក់៥ដុល្លារ​អាមេរិក។ ភ្លាមៗនោះ អ្នក​តាក់ស៊ី​ដែលជា​ជនសង្ស័យ ឃើញ​ខ្លួន​មាន​លុយ​ច្រើន ក៏​ប្រតាយប្រតប់​ទាញយក​កាបូប​លុយ​ពី​ខ្លួន ហើយក៏​លូក​យកប្រាក់​អស់​ចំនួន ២ម៉ឺន​ដុល្លារ​អាមេរិក រួច​ឡើង​ជិះ​រថយន្ត គេចខ្លួនបាត់។

ជនសង្ស័យ​ខ្លួន​បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​ខាងលើ​មែន ដោយបាន​ប្លន់​យកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ​អាមេរិក។ ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បាន​បើករថយន្ត​គេចខ្លួន​ទៅផ្ទះ ហើយ​យកប្រាក់​ទៅ​លាក់ទុក រហូតដល់​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​តែម្តង ៕

Leave a Reply

Your email address will not be published.