ក្រុមការងារ #សម្ព័ន្ធសហជីពចលនាកម្មករ នាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ទៅចែកជូនដល់ពលរដ្ឋក្រីកនៅខេត្តកំពង់ស្ពឺ

២៥ សីហា ២០១៨

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមការងារ សម្ព័ន្ធសហជីពចលនាកម្មករ ក្រោមការដឹកនាំរបស់លោក ប៉ាវ ស៊ីណា បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ ដែលមានការចូលរួមចំណែកបរិច្ចាគជាថវិកា ពីសំណាក់បងប្អូនកម្មករ-កម្មការិនី ថៅកែរោងចក្រ នៅតាមបណ្ដារោងចក្រនានា និងថវិកាផ្ទាល់ខ្លួន ទៅចែកជូនដល់ពលរដ្ឋក្រីក្រ ចំនួន៩ភូមិ នៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន១០០គ្រួសារ។

ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមជាកិត្តិយស និងជាអធិបតី ពីសំណាក់ លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ និង លោកអភិបាលរងស្រុកសំរោងទង និង ក្រុមប្រឹក្សាឃុំផងដែរ ។

ពលរដ្ឋក្រីក្រនៅតាមភូមិមួយចំនួន ក្នុងស្រុកសំរោងទងកំពុងតែជួបទុក្ខលំបាក ហើយគ្រោះធម្មជាតិដោយទឹកជំនន់ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសធ្វើឲ្យខូចខាតលំនៅដ្ឋាន, បាត់បង់ទ្រព្យសម្បត្តិ, ដំណាំកសិកម្មរងការខូចខាត និងបាត់បង់សត្វចិញ្ចឹមជាដើម ។ល។ ដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបែបនេះហើយ ទើប សម្ព័ន្ធសហជីពចលនាកម្មករ បានចេញសេចក្ដីអំពាវនាវទៅដល់ម្ចាស់រោងចក្រ ក៏ដូចជា បងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោងចក្រនានា ឲ្យចូលរួមបរិច្ចាគជាថវិកាទៅតាមលទ្ធភាព សម្រាប់យកទៅទិញគ្រឿងឧបភោគ-បរិភោគ ដើម្បីរួមចំណែកជួយសម្រាលដល់ទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ។

សូមបញ្ជាក់ថា គ្រឿងឧបភោគ-បរិភោគដែលនាំយកទៅចែកជូន រួមមានដូចជា អង្ករ មី ទឹកស៊ីអ៊ីវ អាវ ទឹកសុទ្ធ នំប៉័ង និងថវិកា ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៣៥គីឡូក្រាម មីម៉ាម៉ា១កេស ទឹកស៊ីអ៊ីវ១យួរ អាវ១ និងថវិកាចំនួន២ម៉ឺនរៀល។

ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងគ្រោះ ក្រុមការងារ សម្ព័ន្ធសហជីពចលនាកម្មករ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រៅ ដល់បងប្អូនកម្មករ-កម្មការិនី ម្ចាស់រោងចក្រនានា ព្រមទាំងសប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងសេចក្ដីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារ៕

Leave a Reply

Your email address will not be published.