/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

នៅឆ្នាំក្រោយ រាជរដ្ឋាភិបាលប្រកាសកាត់បន្ថយថ្ងៃឈប់សម្រាក ដើម្បីធានាកំណើនផលិតកម្ម

២៧ មីនា ២០១៩

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំក្រោយនឹងមានការកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះ ដើម្បីធានាដល់កំណើនផលិតកម្មនៅតាមរោងចក្រ សហគ្រាស ក៏ដូចជាធានាដល់និរន្តរភាពនៃការរកស៊ីរបស់ធុរជន។ ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលសម្ដេច អញ្ជើញចែកសញ្ញាបត្រដល់គរុសិស្ស-និស្សិត ជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការយោគយល់។ សម្តេចបញ្ជាក់ថា បើមិនមានការកាត់បន្ថយថ្ងៃឈប់សម្រាកទេ អាចធ្វើឲ្យអ្នករកស៊ីចាកចេញពីប្រទេសកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលអះអាងថា ការកាត់បន្ថយថ្ងៃសម្រាកនេះ គឺជាការធ្វើកំណែទម្រង់មួយ ដើម្បីធានាដល់ការប្រកួតប្រជែងតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសសហគមន៍អឺរ៉ុប បើទោះបីពួកគេរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ ឬក៏ព្យួរក៏ដោយ៕