ស្ត្រីម្នាក់ទទួលមរណភាព បន្ទាប់ពីសម្រាលកូនរួចនៅមន្ទីរពេទ្យស្រុកចន្ទ្រា ខេត្តស្វាយរៀង

០៧ កុម្ភៈ ២០១៩

ស្វាយរៀង ៖ ស្ត្រីម្នាក់បានទទួលមរណភាព បន្ទាប់ពីសម្រាលកូនរួចនៅមណ្ឌលសុខភាពស្រុកចន្រ្ទា ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមការអះអាងពីប្ដីរបស់ជនរងគ្រោះបញ្ជាក់ថា ភរិយារបស់គាត់បានឈឺពោះសម្រាលកូនតាំងពីម៉ោងប្រហែល២រសៀល ហើយកូនសម្រាលមកមានសុខភាពល្អណាស់ ប៉ុន្តែមិនដឹងថាគ្រូពេទ្យមានជំនាញច្បាស់លាស់ឬយ៉ាងណានោះទេ បន្ទាប់ពីទម្លាក់សុក ធ្វើឲ្យភរិយារបស់គាត់មានអាការៈធ្លាក់ឈាមយ៉ាងច្រើន ហើយចេះតែខ្សោយទៅៗ។ រហូតដល់ម៉ោងប្រហែល៤រសៀល ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជីភូ តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យបង្អែកភ្លាម ភរិយារបស់គាត់បាត់បង់ជីវិតទៅហើយ។

តាមប្រភពជាច្រើនឱ្យដឹងថា មណ្ឌលសុខភាពស្រុកចន្រ្ទានេះ ធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអាកប្បកិរិយាគ្រូពេទ្យដែលមិនសមរម្យក្នុងការជួយសង្គ្រោះ ជាពិសេសប្រើសម្ដីអសុរោះដាក់អ្នកជំងឺ ដោយពលរដ្ឋខ្លះមិនហ៊ាននិយាយអីទេ ព្រោះមិនដឹងថាទៅពឹងពាក់ខាងណាឱ្យជួយអន្តរាគមន៍។

ទាក់ទងនឹងករណីនេះ សាច់ញាតិរបស់ជនរងគ្រោះ សំណូមពរឱ្យប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង មេត្តាជួយសម្រួល ចាត់មន្រ្តីចុះទៅអន្តរាគមន៍ ស្រាវជ្រាវចំពោះបញ្ហានេះ ហើយសូមកុំឱ្យបញ្ហានេះកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃពោះក្រោយៗទៀត។

សូមបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ប្រាក់ សូដា ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕