/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

កម្មករជាង​៣ពាន់​នាក់ផ្ទុះការតវ៉ា ទាមទារលក្ខខណ្ឌការងារ

២៥ មករា ២០១៩

កណ្ដាល ៖ កម្មករជាង៣ពាន់នាក់បម្រើការងារនៅរោងចក្រមួយក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ទុះការតវ៉ា ទាមទារឱ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ៦ចំណុច។

ក្រុមកម្មករបម្រើការងារនៅរោងចក្រ ឥណ្ឌូចិន អឹភែរឹល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងឃុំវិហារសួគ៌ បានប្រមូល​ផ្ដុំ​តវ៉ា​រយៈ​ពេល៣ថ្ងៃហើយ ដើម្បីទាមទារឱ្យថៅកែ បើកប្រាក់​អតីតភាព៥ភាគរយ, កុំបង្ខំកម្មករឱ្យធ្វើការងារ, ទាមទារឲ្យបញ្ឈប់ប្រធានរដ្ឋបាលរោងចក្រនេះពីការងារ និងលក្ខខណ្ឌផ្សេងៗទៀត។

ប្រធានមន្ទីរការងារខេត្តកណ្តាល លោក​ ធុល នាង បានឱ្យដឹងថា មន្ទីរបានចុះសម្របសម្រួល ដោយឲ្យភាគីកម្មករ និងរោងចក្រត្រូវគ្នាបាន៤ចំណុច ខណៈ ២ចំណុចទៀតមិនត្រូវគ្នា ហើយ​មន្ទីរ​ការងារបានរៀបសំណុំរឿងនេះ បញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

លោកប្រធានមន្ទីរបន្ថែមថា ករណីស្នើឲ្យដកប្រធានរដ្ឋបាលនោះ បើមានកំហុសខុសឆ្គង គេមានច្បាប់ការងារដែលកំណត់ គឺទី១ ធ្វើការអប់រំគាត់សិន ទី២ លាយលក្ខណ៍អក្សរ។ បើបុគ្គលនោះមិនរាងចាល ចូលកំហុសធ្ងន់ ទើបបញ្ឈប់បាន។

សូមបញ្ជាក់ថារោងចក្រ ឥណ្ឌូចិន អឹភែរឹល មានកម្មករ ៣០៩៥នាក់ កំពុងបម្រើការងារ ហើយក្រុមកម្មករបាននាំគ្នាតវ៉ាទាំងអស់គ្នាតាំងពីថ្ងៃទី២២ ខែមករាមកម៉្លេះ ក្រោយពីថៅកែមិនផ្ដល់​ប្រាក់៥ភាគរយជូន ខណៈដល់ថ្ងៃកំណត់៦ខែ៕