សាហាវណាស់! រថយន្ត២គ្រឿង​បុកគ្នា រួច​បន្ត​ទៅបុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​បណ្តាល​ឲ្យ​របួស និង​ស្លាប់ ៣នាក់

២៣/០១/២០១៩

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ដ៏សាហាវមួយនេះបានកើតឡើងកាល​ពីថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១៩៨.១៩៩ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់។

មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹង​តុ កៅអី រាន​ទេវតា​ថ្ម ១គ្រឿង​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A 6963 មាន​មនុស្ស​ចំនួន ៣នាក់ ក្នុងទិសដៅ​ពី​កើត​ឆ្ពោះទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ​ឃើញ​រថយន្ត ១គ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS 4243 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ឡើង​ជែង ខណៈ​បាន​ជ្រុល​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ស្របគ្នា​នោះ​មាន​អ្នកបើកបរ​រថយន្ត ១គ្រឿង​ទៀត​ម៉ាក សុ​ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2C 1585 មកពី​ទិស​ខាងលិច​ច្រាស់​គ្នា​បុក​បន្ថែមទៀត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​រដូករ​ណែ​ល​យ៉ាង​រន្ធត់។

ជន​រងរបួស​ភាគី​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទី១ ឈ្មោះ អ៊ុំ សុភាព ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​បូរ​ឡើង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក (ធ្ងន់) បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត (ស្លាប់) យប់​ថ្ងៃ​ដដែល និង​អ្នករួមដំណើរ​ទី១ ឈ្មោះ ណាត សំណាង ភេទ​ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង.ខេត្តពោធិ៍សាត់ (ធ្ងន់) បាក់ជើង​ស្ដាំ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ទី៣ សមត្ថកិច្ច​ពុំ​ធ្វើ​កំណត់ហេតុ​នោះទេ ព្រោះ​ពុំ​រងរបួស​ធ្ងន់ធ្ងរ​នោះឡើយ។

ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំង ២គ្រឿង​បាន​រត់គេចខ្លួន​បាត់អស់ បន្សល់​នូវ​វត្ថុតាង​រថយន្ត សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​សណ្ដាប់ធ្នាប់ យកទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕