/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

មន្ទីការងារថា…លោក ប៉ាវ​ ស៊ីណាថា…តំណាងកម្មករថា…

តំណាងកម្មករជិត ១០នាក់បម្រើការងាររោងចក្រ ផលិតអំពូលភ្លើង បៃហុង ស្ថិត​នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ក្នុងខេត្តស្វាយរៀង សម្រេចលាឈប់ពីការងារ ក្រោយពីមិនរំពឹងឈ្នះក្តីជាមួយថៅកែរោងចក្រ និងមិនចង់ឲ្យកម្មករផ្សេងទៀតបាត់បង់ផលប្រយោជន៍ផ្សេងៗដោយសារការតវ៉ា។

ទាក់ទងនឹងបញ្ហានេះ លោក ហាស់ ប៉ុនធី ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង ប្រាប់​ថា ស្ថាប័ន​របស់​លោក​ បានខិតខំសម្របសម្រួលវិវាទ​នេះ​ដែរ ប៉ុន្តែ ភាគីរោងចក្រនៅតែមិនព្រមទទួលយក​តំណាង​កម្មករ​ទាំង​នោះ​ទេ ក្រោមហេតុផលថា តំណាងមួយចំនួនមាន​អាកប្បកិរិយាមិនល្អនៅក្នុងរោងចក្រ។

លោកបានបន្ថែមថា៖ «សំខាន់ ពួកគាត់សុទ្ធតែកម្មករសាកល្បង ពួកគាត់ស្ថិតនៅក្នុងរយៈពេលដែលត្រូវឲ្យនិយោជកគេវាយតម្លៃកម្រិតជំនាញ អាកប្បកិរិយា​ក្នុងការគោរពអង្គការវិន័យរបស់គាត់ បើសិនជាគេពិនិត្យមើលឃើញថា យើងល្អ អាហ្នឹងគេទទួលយកគាត់ឲ្យធ្វើជាកម្មករពេញសិទ្ធ ហើយមន្ទីរការងារអត់មានហេតុផលណាមួយអាចបង្ខំឲ្យថៅកែទទួលយកពួកគេបានទេ»

ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ចាត់​ទុក​ករណី​នេះ​ជា​ការ​រើស​អើង​លើ​សហជីព ដោយ​ថា ការ​បញ្ឈប់​បាន​កើត​ឡើង​ក្រោយ​ពី​តំណាង​កម្មករ​ទាំង​នោះ បាន​ដឹកនាំ​បង្កើត​សហជីព​ក្នុង​រោងចក្រ។

លោកបន្តថា៖ «ខ្ញុំយល់ថា ទី១ ពួកគាត់រងការគំរាមកំហែងពីអាជ្ញាធរកាលពីថ្ងៃទី៩ កាលកូដកម្មថ្ងៃដំបូង។ ទី២ពួកគាត់អាចត្រូវ​បានគេបំភិតបំភ័យ។ ទី៣ គាត់មើលឃើញពីចេតនារបស់មន្រ្តីមួយចំនួនទោរ​ទន់​សម្របសម្រួលឲ្យថៅកែជាជាងជំរុញឲ្យថៅកែគោរពច្បាប់។ ដូច្នេះ គាត់មិនសង្ឃឹមថា ការទាមទាររបស់គាត់ហ្នឹង ទទួលបានលទ្ធផលផ្លែផ្កាទេ បើទោះបីនិយោជកនោះបំពានច្បាប់យ៉ាងណាក៏ដោយ»

ម្យ៉ាងទៀតតំណាងកម្មករ លោក ផុង មេសា ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រោយពីកម្មករតវ៉ាជាច្រើនថ្ងៃមិនទទួលបានដំណោះស្រាយនោះ កាលពីម្សិលមិញ​នេះ តំណាងកម្មករចំនួន ៩នាក់ ក្នុងចំណោម ១២នាក់ បានសម្រេចលាឈប់ពីការងារ ដោយសារមិនសង្ឈឹមឈ្នះក្តីជាមួយថៅកែ និងមិនចង់ឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករផ្សងៗទៀត។

លោកបន្ថែមថា៖ «តំណាងកម្មករគ្នាខ្ញុំ ៦នាក់ទៀត ដោយសារបាត់បង់ដៃគូររួមការងារ អញ្ចឹងគាត់ក៏លាឈប់ពីការងារតាមពួកខ្ញុំដែរ។ ណាមួយ បើយើងបន្តក្តីទៅមុខទៀត មើលទៅក៏មិនអាចឈ្នះថៅកែដែរ។ ណាមួយបងប្អូនកម្មករយើង គាត់បានបាត់បង់អត្ថប្រយោជន៍ច្រើន យើងបានបាតុកម្ម ៣ ទៅ ៤លើកហ្នឹងហើយ ធ្វើឲ្យពួកគាត់ខាតបង់ច្រើន អញ្ចឹងយល់គ្នាឲ្យគាត់ចូលធ្វើការងារ វិញទៅជៀសវាងគាត់ខាតអត្ថប្រយោជន៍ច្រើន»

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន កម្មករប្រមាណ ៥០០នាក់ បម្រើការងារនៅរោងចក្រផលិតអំពូលភ្លើង បៃហុង បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារលក្ខខណ្ឌការងារ និងទាមទារទៅថៅកែឲ្យទទួលយកតំណាងពួកគេ ៣នាក់ ចូលធ្វើការងារវិញ ប៉ុន្តែក្រោយមានការសម្របសម្រួលដោយមន្ទីការងារខេត្តស្វាយរៀង និងកម្មករមក ទើមមានកម្មករដែលជាតំណាងសហជីពក្នុងរោងចក្របានលាឈប់ជាបន្តបន្ទាប់ដោយមូលេហេតុដូចៗគ្នា គឺខ្លាចកម្មករផ្សេងទៀតបាត់ប្រយោជន៍។

ប្រហែលគ្នាដែររោងចក្រផលិតអំពូលភ្លើង បៃហុង មានកម្មករធ្វើការជាង ១០០០នាក់ ហើយក្រុមកម្មករបានរៀបចំបង្កើតសហជីពជាតំណាង ដើម្បីងាយស្រួលដោះស្រាយបញ្ហាផ្សេងៗរបស់ពួកគេ។ កម្មករអះអាងថា ក្រោយពួកគេនាំគ្នាបង្កើតសជីពក្នុងរោងចក្រ ថៅកែចាប់ផ្តើមបញ្ឈប់តំណាងពួកគេ ៣នាក់ ដោយមិនបានពន្យល់ពីមូលហេតុច្បាស់លាស់ឡើយ៕

ប្រភព៖ VOD