ថៅកែរោងចក្រ ប្រេស្ទីច រើសអើងសហជីពកាន់តែខ្លាំង ដោយបញ្ចប់កិច្ចសន្យាថ្នាក់ដឹកនាំសហជីពមូលដ្ឋានជាបន្តបន្ទាប់

១១ មករា ២០១៩

កណ្ដាល ៖ ថ្នាក់ដឹកនាំសហជីពចលនាកម្មករ ប្រចាំរោងចក្រ ប្រេស្ទីច ហ្គាម៉ិន ត្រូវបានថៅកែរោងចក្របញ្ចប់កិច្ចសន្យាជាបន្តបន្ទាប់ បន្ទាប់ពីមានការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួន និងទាមទារឱ្យតំណាងរបស់ពួកគេ០១រូបចូលធ្វើការវិញ។

ការធ្វើកូដកម្មរបស់ កម្មករ-កម្មការិនី នៅរោងចក្រ ប្រេស្ទីច ហ្គាម៉ិន គឺផ្ទុះឡើងតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨មកម៉្លេះ បន្ទាប់ពីមានការបញ្ឈប់ថ្នាក់ដឹកនាំសហជីព១រូប និងមានការបង្ខិតបង្ខំ ការកេងប្រវ័ញ្ច ការដាក់សម្ពាធពីសំណាក់ភាគីរោងចក្រ មកលើបងប្អូនកម្មករ-កម្មការិនី។ ការធ្វើកូដកម្មនេះ បន្តអូសបន្លាយរហូតមកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ក៏នៅតែមិនទាន់ទទួលបានដំណោះស្រាយ បើទោះបីពួកគេសុំការអន្តរាគមន៍ទាំងពីមន្ទីរការងារខេត្តកណ្ដាល និងក្រសួងការងាររួចហើយក៏ដោយ។

ហើយរហូតមកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នោះដែរ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្ដីបញ្ជាឱ្យផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីអាជ្ញាកណ្ដាលត្រូវបានបញ្ចប់សព្វគ្រប់តាមនីតិវិធីច្បាប់ ហើយកូដករទាំងអស់ត្រូវត្រឡប់ចូលធ្វើការវិញ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ តទៅ តាមវេនរបស់ខ្លួន ហើយនិយោជក និងកូដករនៃក្រុមហ៊ុន ប្រេស្ទីច ហ្គាម៉ិន ឯ.ក ត្រូវអនុវត្តតាមសេចក្ដីបញ្ជានេះ។ ប៉ុន្តែភាគីក្រុមហ៊ុន មិនបានអនុវត្តតាមសេចក្ដីបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះទេ ដោយបដិសេធកូដករភាគច្រើនមិនឱ្យចូលធ្វើការ ព្រមទាំងបញ្ចប់កិច្ចសន្យាថ្នាក់ដឹកនាំសហជីពចលនាកម្មករប្រចាំរោងចក្រជាបន្តបន្ទាប់ទៀតផង ដែលនេះគឺជាការរើសអើងមកលើសហជីពយ៉ាងធ្ងន់ធ្ងរបំផុត។

សូមបញ្ជាក់ថា រោងចក្រ ប្រេស្ទីច ហ្គាម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយបើតាមកម្មករ កម្មការិនីដែលបម្រើការនៅក្នុងរោងចក្រនេះនាំគ្នាអះអាងថា ពួកគាត់ទទួលរងនូវការបង្ខិតបង្ខំ ការកេងប្រវ័ញ្ច ការដាក់សម្ពាធពីសំណាក់ភាគីរោងចក្រ ទើបឈានដល់មានការផ្ទុះកូដកម្មកើតឡើង ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ដោយសារមន្ទីរការងារខេត្តកណ្ដាលគ្មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការដាក់សម្ពាធភាគីរោងចក្រ ខណៈក្រសួងការងារក៏មិនបានចេញមុខអន្តរាគមន៍ដោះស្រាយ បើទោះបីបងប្អូនកម្មករនិយោជិតហែក្បួនតវ៉ាទៅពឹងពាក់២លើករួចហើយក៏ដោយ៕