លោកប៉ាវ ស៊ីណា «ខ្ញុំនឹងដឹកនាំបងប្អូនកម្មករ ទៅកាន់ផ្ទះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីសុំកិច្ចអន្តរាគមន៍ផ្ទាល់»

២៩/១២/២០១៨

ភ្នំពេញ ៖ ថ្លែងនៅក្នុងបណ្តាញសង្គមយក្សហ្វេសប៊ុក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានឱ្យដឹងថា «ខ្ញុំ នឹងដឹកនាំបងប្អូនកម្មករ-កម្មការិនី ទៅកាន់ផ្ទះសម្តេច នាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីសុំកិច្ចអន្តរាគមន៍»

លោក ប៉ាវ ស៊ីណា ក៏បានបញ្ជាក់ដែរថា មុននឹងលោកដឹកនាំកម្មករសុំកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល គឺក្នុងករណីដែលស្ថាប័នពាក់ព័ន្ធ មិនពន្លឿនក្នុងការដោះស្រាយ ជូនបងប្អូនកម្មករបម្រើការនៅរោងចក្រ ប្រេស្ទីច ទេនោះ។

សូមរំឭកថា កម្មករនៅរោងចក្រ ប្រេស្ទីច នាំគ្នាធ្វើកូដកម្មតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨មកម៉្លេះ បន្ទាប់ពីមានការបញ្ឈប់ប្រធានសហជីពមូលដ្ឋាន១រូប និងមានការបង្ខិតបង្ខំ ការកេងប្រវ័ញ្ច ការដាក់សម្ពាធពីសំណាក់ភាគីរោងចក្រ មកលើបងប្អូនកម្មករ-កម្មការិនី។ ហើយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បងប្អូនកម្មករក៏បាននាំគ្នាហែញត្តិទៅដាក់ជូន ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំឱ្យជួយអន្តរាគមន៍បន្ទាន់ ករណីកូដកម្មទាមទារលក្ខខណ្ឌការងារដែរ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ នៅតែគ្មានមន្ត្រីក្រសួងការងារណាម្នាក់ ចុះមកដោះស្រាយជូនបងប្អូនកម្មករនៅឡើយទេ៕