/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំត្រីភាគីថ្នាក់ជាតិរបស់គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារនិងបទចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព

កាលពីថ្ងៃសុក្រ ១៤កើត ខែមិគរសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំត្រីភាគីថ្នាក់ជាតិរបស់គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាព នៃការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំនេះមាន​ការចូលរួមពីសមាគមនិយោជក តំណាងសហជីព តំណាងក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារនាពេលកន្លង ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ នៅកម្ពុជា និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់នៅក្នុងអនុសាសន៍នៃរបាយការណ៍បេសកកម្មដោយផ្ទាល់ (DCM) របស់អង្គការ ILO នៅកម្ពុជា។ 
ជាលទ្ធផលកិច្ចប្រជុំបានសម្រេចដាក់ចេញនូវ ផែនការជាជំហានបន្តបន្ទាប់ទៀត ក្នុងការរកដំណោះស្រាយបញ្ហាលើករណីចោទប្រកាន់មេដឹកនាំសហជីព និងការពង្រឹងយន្តការការក្នុងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្ត សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្រប​ទៅតាមបទដ្ឋានអន្តរជាតិ និងច្បាប់ជាតិជាធរមាន។

ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានលើកពីគម្រោងក្នុងការត្រៀមរៀបចំពិធីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតអង្គការ ILO និងខួប ៥០ ឆ្នាំ នៃការចូលជាសមាជិក អង្គការ ILO របស់កម្ពុជា តើសមិទ្ធិផលអ្វីខ្លះដែលជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការ ILO សម្រេចបាន។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ជូនសមាជិកគណៈកម្មការជាតិ ក្នុងការការធានាការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ ដោយស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យបានឆាប់រហ័ស ស្របទៅអនុរសញ្ញា និងតាមបទប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។