កម្មកររោងចក្រម្នាក់សម្រេចចិត្តចងករសម្លាប់ខ្លួន ក្នុង​បន្ទប់​ជួលព្រោះតែរឿងទាស់ពាក្យសម្តីជាមួយ…

០៣/១២/២០១៨

ភ្នំពេញ៖ ហេតុការណ៍នេះបង្ក​ឲ្យ​មានភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧និង២០នាទី​ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​បន្ទប់​ជួល​លេខ១៣ ជាន់​ទី២ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

សព​ជនរងគ្រោះឈ្មោះ ឆៃ ឆាន ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅក្នុង​បន្ទប់​ជួល កើតហេតុ រួមជាមួយ​បងប្រុស​ម្នាក់ទៀត ជា​កម្មករ​រោងចក្រ​ដូចគ្នា មាន​ស្រុកកំណើត​ភូមិ​ត្រាំខ្នា ឃុំ​ត្បែង សរុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី០១ ខែធ្នូ យុវជន​រូបនេះ ទាស់សម្តី​ជាមួយ​បងប្រុស រួច​ក៏​ចូលក្នុង​បន្ទប់ ខ្ទាស់​ដាក់​គន្លឹះ​បាត់ទៅ រីឯ​បងប្រុស ធ្វើការ​យប់​ផង ក៏​ចេញទៅ​រោងចក្រ​បាត់ លុះ​វិល​មកវិញ ទោះជា​ហៅ​ប្អូន​ឲ្យ​បើកទ្វារ តែ​មិន​ឆ្លើយ មិន​បើក​ឲ្យ ដេក​ក្រៅ​បន្ទប់​មួយ​យប់ ព្រឹក​ឡើង​នៅ​ថ្ងៃទី០២នេះ ហៅ​ឲ្យ​បើកទ្វារ​ទៀត នៅតែ​មិន​ឆ្លើយ រហូតដល់​ម៉ោង៧និង២០នាទី ទៅហើយ សម្រេច​គាស់​បង្ហើប​បង្អួច ទើប​ភ្ញាក់ផ្អើល ប្អូនប្រុស ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

សាកសព ក្រោយពី​សមត្ថកិច្ច​ជំនាញ ធ្វើការ​ពិនិត្យ កោសល្យវិច័យ ឃើញថា​យុវជន​ខាងលើ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង រួច​ប្រគល់​ជួន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅ​ស្រុក ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕